សង្គម

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងតំណាង UNDP ជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌

image


ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Enrico Gaveglia តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួងយុត្តិធម៌។
ជំនួបនេះ បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង UNDP ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលការណ៍នីតិរដ្ឋ និងការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះវិស័យយុត្តិធម៌។

ភាគីទាំងពីរ ក៏បានពិភាក្សាលើការគាំទ្រដល់ការអនុវត្តការដ្ឋាន «កែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» ដែលជាអាទិភាពសំខាន់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណចំពោះ UNDP ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួងយុត្តិធម៌កន្លងមក ព្រមទាំងបានបង្ហាញជំនឿជាក់ថា អង្គការនេះនឹងបន្តចូលរួមគាំទ្រយ៉ាងសកម្មបន្ថែមទៀត ដើម្បីជំរុញការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់ការអនុវត្តគោលការណ៍នីតិរដ្ឋនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព៕