គិតត្រឹមត្រីមាសទី ១ឆ្នាំ២០២៦ កម្ពុជា មានបំណុលសាធារណៈសរុបជាង ១៣ប៊ីលានដុល្លារ ខណៈស្ថានភាពបំណុលនៅតែមានចីរភាព និងហានិភ័យទាប
ភ្នំពេញ៖ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១៣,៣០ប៊ីលានដុល្លារអាម៉េរិក ដោយក្នុងនោះ ៩៦% ឬប្រមាណ ១២,៧០ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស និង ៤% ឬប្រមាណ ៥៩៦លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
របាយការណ៍បានបង្ហាញថា ក្នុងចំណោមបំណុលសាធារណៈក្រៅប្រទេស កម្ចីពីប្រទេសចិនមានសមាមាត្រខ្ពស់ជាងគេ ៣១% បន្ទាប់មកគឺកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ២៣% ធនាគារពិភពលោក (World Bank) ១៥% ជប៉ុន ១០% សាធារណរដ្ឋកូរ៉េ ៦% បារាំង ៦% បំណុលមរតក ៥% កម្ចីពហុភាគីផ្សេងៗ ៣% និងកម្ចីទ្វេភាគីផ្សេងៗ ១%។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ៩១,៩២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣% នៃពិដានខ្ចីប្រាក់ដែលច្បាប់អនុញ្ញាត។ ក្នុងចំណោមឥណទានថ្មីទាំងនេះ ៧៥% ស្ថិតក្រោមក្របខ័ណ្ឌទ្វេភាគី និង ២៥% ស្ថិតក្រោមក្របខ័ណ្ឌពហុភាគី។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ការចុះកិច្ចព្រមព្រៀងឥណទានថ្មីបានកើនឡើងប្រមាណ ១៧%។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ឥណទានទាំងអស់នេះមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៣២,៨% និងត្រូវបានប្រើប្រាស់សម្រាប់វិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច។
ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រាជរដ្ឋាភិបាល ក៏បានបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១,៤៨ទ្រីលានរៀល ឬស្មើនឹង ៣៦៩,១៧លានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណ ៧០% នៃទំហំសរុបដែលច្បាប់អនុញ្ញាត។ មូលបត្រទាំងនេះត្រូវបានប្រើប្រាស់សម្រាប់គាំទ្រគម្រោងវិនិយោគសាធារណៈ ការអនុវត្តគោលនយោបាយអាទិភាព និងការរក្សាតុល្យភាពថវិកាជាតិ។
ក្នុងអំឡុងពេលដូចគ្នានេះ រាជរដ្ឋាភិបាល ក៏បានទូទាត់សេវាបំណុលសរុបចំនួន ២៨០,៦២លានដុល្លារអាម៉េរិក ក្នុងនោះ ២៥៧,៥៣លានដុល្លារអាម៉េរិក ជាបំណុលក្រៅប្រទេស និង ២៣,០៩លានដុល្លារអាម៉េរិក ជាបំណុលក្នុងប្រទេស។ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ការទូទាត់សេវាបំណុលបានកើនឡើងប្រមាណ ១៨%។
ផ្អែកតាមលទ្ធផលបឋមនៃការវិភាគចីរភាពបំណុលតាមមូលដ្ឋានទិន្នន័យប៉ាន់ស្មានឆ្នាំ២០២៦ បង្ហាញថា ស្ថានភាពបំណុលសាធារណៈកម្ពុជា បន្តរក្សានូវ «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបធៀបនឹងផលិតផលក្នុងស្រុកសរុប (ផសស) មានត្រឹមកម្រិត ១៩,២% ធៀបនឹងអនុបាតគោល ៥៥% និងអនុបាតតម្លៃ បច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត ១៧,៩% ធៀបនឹងអនុបាតគោល ៤០%។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជានៅតែអាចគ្រប់គ្រងបំណុលសាធារណៈបានយ៉ាងមានប្រសិទ្ធភាព ដោយផ្អែកលើប្រព័ន្ធគ្រប់គ្រងបំណុលដ៏រឹងមាំ រួមមានក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ ព្រមទាំងប្រព័ន្ធព័ត៌មានវិទ្យាទំនើបសម្រាប់គ្រប់គ្រង និងតាមដានហានិភ័យបំណុល។
រាជរដ្ឋាភិបាលបន្តអនុវត្តគោលការណ៍គន្លឹះចំនួន៥ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ រួមមាន ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ, ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ខ្ពស់បំផុត និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និងចីរភាព៕