មេដឹកនាំអាម៉េរិក បង្ហាញក្តីរីករាយ ក្រោយឮដំណឹងថា លោក ហ្សេលែនស្គី ផ្ញើលិខិតចំហស្នើជួប លោក ពុទីន ដើម្បីដោះស្រាយវិបត្តិ
សហរដ្ឋអាម៉េរិក៖ ជុំវិញដំណឹងដែលអ្នកសារព័ត៌មានទទួលបាននោះគឺ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពុទីន ដើម្បីស្នើសុំជួបចរចាគ្នាដោយផ្ទាល់ ក្នុងគោលបំណងស្វែងរកផ្លូវបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន ។
ការសម្រេចចិត្តផ្ញើលិខិតចំហរបស់មេដឹកនាំអ៊ុយក្រែននាពេលនេះ ក៏ដោយសារតែលោកយល់ឃើញថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងតែជាប់រវល់ខ្លាំងពេក ក្នុងការដោះស្រាយវិបត្តិសង្គ្រាម និងកម្តៅនយោបាយជាមួយប្រទេសអ៊ីរ៉ង់ ។
ពាក់ព័ន្ធនឹងដំណឹងចុងក្រោយនេះ អ្នកសារព័ត៌មានបានលើកជាសំណួរទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថាតើជំហានរបស់លោកហ្សេលែនស្គីត្រឹមត្រូវដែរឬយ៉ាងណា? ជាការឆ្លើយតប លោកត្រាំ បានបង្ហាញក្តីរីករាយជាខ្លាំងចំពោះគំនិតនៃការជួបគ្នានេះ ដោយលោកសង្កត់ធ្ងន់ថា វាជារឿងដ៏ល្អប្រសើរបំផុត បើសិនមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនអាចចូលមកអង្គុយចរចាគ្នា ហើយដោះស្រាយបញ្ហាឱ្យចប់សព្វគ្រប់ ។
ទន្ទឹមនឹងការគាំទ្រ លោក ដូណាល់ ត្រាំ ក៏បានឆ្លៀតគូសបញ្ជាក់ផងដែរថា រដ្ឋបាលសហរដ្ឋអាម៉េរិកមានចំណែក និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងបើកផ្លូវឱ្យមានលទ្ធភាពនៃជំនួបចរចាទ្វេភាគីរវាងរុស្ស៊ី និងអ៊ុយក្រែននេះឡើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Fox News & NewYork Times on Microsoft Bing.