ព័ត៌មានអន្តរជាតិ

អាជ្ញាធរម៉ិកស៊ិក ជម្លៀសពលរដ្ឋ ២,០០០ នាក់ជាបន្ទាន់ ក្រោយមានករណីផ្ទុះឆេះឃ្លាំងស្តុកឧស្ម័ន

image

ម៉ិកស៊ិកកូ៖ គ្រោះអគ្គិភ័យដ៏គួរឱ្យរន្ធត់មួយ បានកើតឡើងនៅក្នុងរដ្ឋ ពូអេប្លា (Puebla) ប្រទេសម៉ិកស៊ិកកូ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានករណីផ្ទុះដ៏ខ្លាំងក្លានៅឯទីតាំងឃ្លាំងស្តុកឧស្ម័នរាវមួយកន្លែង ដោយបានរាលដាលបង្កជាការផ្ទុះឆេះឡានដឹកឧស្ម័នធំៗចំនួន ៤ គ្រឿងភ្លាមៗ ដែលបង្កើតបានជាដុំភ្លើងដ៏ធំសម្បើម និងផ្សែងខ្មៅក្រាស់ឃ្មឹកគ្របដណ្តប់ពាសពេញផ្ទៃមេឃ ។

 

ភ្លាមៗបន្ទាប់ពីកើតហេតុការណ៍ កងកម្លាំងពន្លត់អគ្គិភ័យ រួមជាមួយមន្ត្រីការពារស៊ីវិល និងក្រុមអ្នកសង្គ្រោះបន្ទាន់ជាច្រើននាក់ បានបើកប្រតិបត្តិការសង្គ្រោះ និងបាញ់ទឹកដើម្បីទប់ស្កាត់អណ្តាតភ្លើងដ៏សន្ធោសន្ធៅ កុំឱ្យរាលដាលកាន់តែខ្លាំង ដែលអាចបង្កហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាពលរដ្ឋនៅក្នុងតំបន់ ។

 

ជាវិធានការការពារសុវត្ថិភាពជាបន្ទាន់ និងទុកជាមុន អាជ្ញាធរមូលដ្ឋានបានសម្រេចចិត្តជម្លៀសមនុស្សម្នាប្រមាណ ២,០០០ នាក់ចេញពីទីតាំងគ្រោះថ្នាក់ រួមមានការជម្លៀសចេញពលរដ្ឋពីមន្ទីរពេទ្យ សាលារៀន និងផ្ទះសម្បែងដែលស្ថិតនៅក្នុងរង្វង់រងផលប៉ះពាល់ ។

 

តាមការបញ្ជាក់ពីអភិបាលរដ្ឋ លោក អាឡេហាន់ដ្រូ អារមិនតា (Alejandro Armenta) ឱ្យដឹងថា របាយការណ៍បឋមបានបង្ហាញថា គ្រោះថ្នាក់នេះបានបណ្តាលឱ្យមនុស្សចំនួន ៣ នាក់រងរបួស ខណៈដែលកម្លាំងសមត្ថកិច្ច និងអ្នកពន្លត់អគ្គិភ័យ នៅតែបន្តតស៊ូយ៉ាងស្វិតស្វាញក្នុងការគ្រប់គ្រងអណ្តាតភ្លើង ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.