ព័ត៌មានជាតិ

រថយន្តដឹកអុស ៣គ្រឿង បានទម្លាក់អុសចោល មុនឆ្លងកាត់ស្ថានីយជញ្ជីង ខណៈ ១គ្រឿង ជាប់ផាកពិន័យ នៅស្រុកសំបូរ ខេត្តក្រចេះ

image

ក្រចេះ៖ រថយន្តធុនធំដឹកអុស ចំនួន ៤គ្រឿង ដែលមានលិខិតអនុញ្ញាតពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះ ត្រូវបានរកឃើញថា មានការដឹកជញ្ជូនលើសទម្ងន់កំណត់ ដោយក្នុងនោះ រថយន្ត ១គ្រឿង ត្រូវបានផាកពិន័យតាមច្បាប់ ខណៈរថយន្ត ៣គ្រឿងផ្សេងទៀត បានទម្លាក់អុសមួយចំនួនចេញ មុនបន្តដំណើរឆ្ពោះទៅមុខ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់រថយន្តទាំង ៤គ្រឿង បានដឹងថា រថយន្តរបស់ខ្លួនដឹកលើសទម្ងន់កំណត់ ដូច្នេះរថយន្ត ៣គ្រឿង បានទម្លាក់អុស មួយចំនួនចេញពីរថយន្ត មុនពេលបន្តដំណើរ។ ដោយឡែក រថយន្ត ១គ្រឿងទៀត ត្រូវបានមន្ត្រីស្ថានីយជញ្ជីងអចល័តកាំពី ឃាត់ទុក និងធ្វើការត្រួតពិនិត្យទាន់ពេលវេលា។

លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឱ្យដឹងថា មន្ត្រីស្ថានីយជញ្ជីងអចល័តកាំពី បានធ្វើការត្រួតពិនិត្យ និងរកឃើញថា រថយន្តខាងលើពិតជាបានដឹកលើសទម្ងន់កំណត់ប្រាកដមែន។ ជាមួយគ្នានេះ មន្ត្រីជំនាញបានអនុវត្តការផាកពិន័យស្របតាមច្បាប់ជាធរមានរួចរាល់ហើយ។

ប្រភពដដែលបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានរថយន្តធុនធំមួយចំនួន ដែលសង្ស័យថាដឹកលើសទម្ងន់ តែងតែបើកវាង ឬគេចពីស្ថានីយជញ្ជីងអចល័តកាំពី ដោយប្រើប្រាស់ផ្លូវមាត់ទន្លេ តាមបណ្តោយផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A ពីស្រុកសំបូរ ឆ្ពោះទៅកាន់ក្រុងក្រចេះ។

មន្ត្រីជំនាញ បានអំពាវនាវដល់ម្ចាស់យានយន្ត និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវគោរពតាមបទប្បញ្ញត្តិស្តីពីទម្ងន់ផ្ទុកអនុញ្ញាត ដើម្បីចូលរួមថែរក្សាគុណភាពផ្លូវថ្នល់ និងធានាសុវត្ថិភាពចរាចរណ៍៕

អត្ថបទ៖ សារី ណែត