ព័ត៌មានជាតិ

សម្ដេចធិបតី និងមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមបានពិភាក្សា និងផ្លាស់ប្ដូរយោបល់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន នៃប្រទេសទាំងពីរ

image


--------
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមបានពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, សន្ដិសុខ និងការពារជាតិ, អប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ។ ការពិភាក្សាគ្នានេះក្នុងឱកាសជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ។


ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម ត្រិន កឹមទូ បានពាំនាំ នូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ និងឯកឧត្តម ឡេ មីញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីថ្មីវៀតណាម ជូន ចំពោះសម្តេចធីបតី ព្រមទាំងបានអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើនដែលកម្ពុជាសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមមានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងនូវ ការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលកំពុងឈានចូលដល់ដំណាក់កាលថ្មី។


សម្ដេចធិបតីបានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនីស្ដវៀតណាម ព្រមទាំងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ វៀតណាម នាពេលថ្មីៗនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច និងសមិទ្ធផលធំៗដែលបក្ស និងរដ្ឋវៀតណាមសម្រេចបាន។

ក្នុងឱកាសនោះ, សម្ដេចធិបតីក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះឯកឧត្តមអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាមផងដែរ។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះភាព រីកចម្រើន នៃទំនាក់ ទំនង និងកិច្ច សហប្រតិបត្តិការ ដ៍ល្អ រវាង ប្រទេសទាំងពីរ និងបាន បញ្ជាក់ជាថ្មីនូវការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត៕

អត្ថបទ៖ ហ៊ន សុភ័ក្រ