ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជម្រាបសម្តេចបវរធិបតីអំពីបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
————-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យលោក ស៊ុង ហៃឡាំង (Song Hailiang )ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ទាំងក្នុងប្រទេសកម្ពុជា និងលើសកលលោក។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ដែលធ្វើឱ្យគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជាសម្រេចបានជោគជ័យ។
លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តអនុវត្តគម្រោងនានានៅកម្ពុជាឱ្យសម្រេចបានជោគជ័យតាម ផែនការដែលបាន គ្រោងទុក ដោយធានាបាននូវគុណភាព ជាមួយនឹងការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។
លើសពីនេះ លោកក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីបំណងស្វែងរកឱកាសវិនិយោគលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត រួមមាន៖ ថាមពលស្អាត, ការគ្រប់គ្រង និងកែច្នៃសំណល់ជាថាមពលអគ្គិសនី, ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត, ការកសាងប្រព័ន្ធអេកូស៊ីឌីជីថល (Digital Ecosystem) ជាដេីម។
សម្ដេចធិបតី បានសម្តែងការស្វាគមន៍ចំពោះលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្តេចធិបតី បាន វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជា «ឆ្អឹងខ្នង» នៃកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពខ្ពស់ និងបានដាក់ចេញនូវ គោលនយោបាយអាទិភាពជាច្រើនដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកនូវ កាលានុវត្តភាពក្នុងការពង្រីកការវិនិយោគថ្មីៗលើវិស័យនានានៅកម្ពុជា។
សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់អនុវត្តគម្រោងដែលកំពុងមានឱ្យសម្រេចបានតាមផែនការគ្រោងទុក ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ ហ៊ន សុភ័ក្រ