ព័ត៌មានជាតិ

អគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រ ជាអំណោយរបស់សម្តេចតេជោ សម្រេចការសាងសង់បាន៦៥ភាគរយហើយ គ្រោងទទួលពាក្យស្នើសុំចូលស្នាក់នៅ អំឡុងបើកបវេនកាលថ្មីឆ្នាំនេះ

image


ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្ត ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានទីតាំង នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈគិតមកដល់ពេលនេះ សម្រេចការសាងសង់បានប្រមាណ៦៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ នៅខែមិថុនា ឆ្នាំនេះ ក្រោយពីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។


បើតាមប្រសាសន៍លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី បានឱ្យដឹងថា បច្ចុប្បន្នក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បាននិងកំពុងរៀបចំគោលការណ៍មួយចំនួន សម្រាប់ដំណើរការអគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រនេះ។


លោកស្រីរដ្ឋលេខាធិការប្រចាំការ លើកឡើងថា "ក្រោយបញ្ចប់ការសាងសង់ ក្រសួងនឹងប្រកាសផ្សព្វផ្សាយ ដើម្បីទទួលពាក្យ ស្នើសុំចូលស្នាក់នៅ ពីសំណាក់និស្សិតជាស្ត្រីក្រីក្រពិតប្រាកដ ពោលគឺអាចនៅអំឡុងពេលបើកបវេនកាលថ្មី នាឆ្នាំ២០២៦នេះ។"
សូមជម្រាបថា ការចាប់ផ្តើមដំណើរការសាងសង់នេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានទី១ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី សម្ដេចតេជោបានសម្រេចផ្តល់ដីកសាងអន្តេវាសិកដ្ឋាន លើផ្ទៃដី២ហិកតា ដែលមានតម្លៃជាង១០លានដុល្លារ សម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្តមក បន្តការសិក្សានៅរាជធានីភ្នំពេញ។


បើតាមគម្រោង អគារអន្តេវាសិកដ្ឋាន១ខ្នងនេះ មានកម្ពស់៤ជាន់ ស្មើនឹង១២៦បន្ទប់ អាចឱ្យនិស្សិតស្នាក់ នៅបាន៥០៤នាក់ ដោយក្នុង១បន្ទប់ៗ ស្នាក់នៅបានចំនួន៤នាក់ មានបន្ទប់ទឹក និងចង្ក្រានបាយផងដែរ។ នៅជាន់ទី១ ទី២ និងទី៣ មានបន្ទប់ស្នាក់នៅចំនួន១២៦បន្ទប់ រាងអក្សរ U។
ក្នុងនោះ ក៏មានបំពាក់ឧបករណ៍ទឹកស្អាត២ឈុត សាងសង់ក្លោងទ្វារធំចំនួន១ ដងទង់ជាតិ១ របង និងផ្លូវបេតុង ព្រមទាំងមានតារាងបាល់បោះ១ និងបាល់ទះ១ផងដែរ។ ក្នុងអគារនេះ ក៏មានការកសាងប៉ុស្តិ៍សុខភាព នៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យ ប្រចាំការផងដែរ។


តាមការបញ្ជាក់កាលពីពេលកន្លងទៅ របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយការសាងសង់អគារនេះរួច នឹងប្រគល់ជូនជាសម្បត្តិរដ្ឋ គ្រប់គ្រងដោយក្រសួងកិច្ចការនារី។ សម្តេចតេជោ សង្ឃឹមថា អន្តេវាសិកដ្ឋាននេះ នឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តី ក្នុងការកសាងប្រទេសជាតិ៕


អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី