រដ្ឋមន្រ្តីកិច្ចការនារី កោតសរសើរមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ចំពោះស្មារតីសាមគ្គី ខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្រ្តី
ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ចំពោះការចូលរួមក្នុងក្រុមគ្រួសារកិច្ចការនារី ក្នុងស្មារតីសាមគ្គី ខិតខំប្រឹងប្រែងធ្វើការងារ និងបំពេញភារកិច្ចជូនក្រសួង និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្រ្តី និងសម្រាប់ប្រជាជាតិទាំងមូល។
លោកស្រីរដ្ឋមន្ត្រី ថ្លែងដូចនេះ ក្នុងឱកាសដែលក្រសួងបានប្រារព្ធពិធីទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នៅក្នុងកម្មវិធីនោះ រួមមានពិធីសូត្រមន្ត ការសម្តែងរបាំ ត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ត្រៀមទទួលអំណរសាទរ និងសេចក្តីសុខ សេចក្តីចម្រើនសិរីឆ្នាំថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ។
ក្នុងឱកាសខិតជិតមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ លោកស្រីរដ្ឋមន្ត្រី បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ទទួលបាននូវសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងទទួលបានជោគជ័យរាល់ភារកិច្ច៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី