អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យវឌ្ឍនភាពការងារតុបតែងលម្អរសោភ័ណភាពតាមទីតាំងនានា ដែលកំពុងលេចរូបរាងជាបណ្តើរៗ ត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ មេសានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយអភិបាលរងរាជធានី បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពការងារតុបតែងលម្អរសោភ័ណភាពនៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលកំពុងលេចរូបរាងជាបណ្តើរៗហើយ ត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានបន្តទៅពិនិត្យមើលការងាររៀបចំនៅភូមិវប្បធម៌ «សួនរវឌ្ឍនៈ» នាសួនច្បារអតីតទីលានប្រជាធិបតេយ្យ ដល់ផ្សាររាត្រី ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។
ក្នុងឱកាសនៃការចុះពិនិត្យនោះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យក្រុមការងារជំនាញពន្លឿនការរៀបចំ ឱ្យបានលឿននិងឱ្យទាន់ពេលចូលឆ្នាំ។ បន្ថែមពីនេះ លោក ឃួង ស្រេង បានណែនាំឱ្យក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ បាញ់ទឹកសំអាតផ្លូវ ធ្វើអនាមម័យ និងបរិស្ថានផងដែរ។
គិតមកដល់ថ្ងៃទី១០ មេសានេះ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកសំរុករៀបចំតុបតែងលម្អរសោភ័ណភាពនៅតាមសួនច្បារសាធារណៈនានា ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”។ ចំណែកខាងជំនាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក៏កំពុងរៀបចំតុបតែងលម្អរពិសេសភូមិវប្បធម៌ក៏ដូចទីតាំងផ្សេងៗទៀតដែរ។
ក្នុងនោះរូបសំណាកសេះព័ណមាសដ៏អង់អាច តំណាងឱ្យឆ្នាំ មមី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំធ្វើឡើងពី ឬស្សី កម្ពស់ ៣,៨៩ម៉ែត្រ រចនាក្រោមថ្វីដៃជាងដ៏ចំណាន ត្រូវបាន ក្រុមការងាររបស់រដ្ឋបាល រាជធានីភ្នំពេញដំឡើង រួចរាល់នៅលេីបល្ល័ង្ក កម្ពស់ ៣ម៉ែត្រ ទទឹង៣ម៉ែត្រខាងមុខ នាឡិកាធំ ហើយ អមដោយ រូបសំណាកចាប៉ីដងវែងដ៏ធំមួយក៏រួចរាល់ ជាមួយការតុបតែងលម្អរយ៉ាងស្រស់ស្អាត មានរូបសំណាកទូករាជហង្ស ទូក រទេះសាលី រូបសំណាកមង្កុដយក្ស និងមានរូបសំណាកមួយចំនួនទៀតនៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”នេះទទួលបានជោគជ័យនិងមានសោភណ្ឌភាពស្រស់បំព្រង សមស្របទៅតាមទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិរង់ចាំទទួលស្វាគមន៍ពលរដ្ឋមកទស្សនាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើង ក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេស បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងជនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕