ព័ត៌មានជាតិ

កម្លាំងចម្រុះរាជធានីភ្នំពេញ ឃាត់ខ្លួនជនបរទេសជាង ២០០នាក់ នៅខណ្ឌសែនសុខ ពាក់ព័ន្ធករណីOnline scam

image

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដែលមានបង្កប់ការប្រពឹ្រត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ច បាននឃាត់ខ្លួនមនុស្សចំនួន ២១៨នាក់ និងសម្ភារជាវត្ថុតាងជាច្រើនទៀត។
ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងចំណោមជនបរទេសសរុប ២១៨នាក់នោះ មានស្រី្ត ១០នាក់ មាន ០៦ សញ្ជាតិ គឺជនជាតិចិនចំនួន ៩៣ នាក់, បង់ក្លាដេស ៩១ នាក់, វៀតណាម ១៧ នាក់, ជនជាតិឥណ្ឌា ១១ នាក់, ជប៉ុន ៥នាក់ និងជនជាតិឡាវ ១ នាក់។ ក្នុងនោះ មានមនុស្ស ១១៤ នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។ ជាមួយគ្នានេះ ក្រុមការងារបានដកហូតវត្ថុតាងកុំព្យូទ័រ All in one ១៣៣គ្រឿង, កុំព្យូទ័រយូរដៃ៤៤គ្រឿង, ទូរសព្ទដៃ ៣៩២គ្រឿង, Monitor ១៦គ្រឿង, CPU ១៥គ្រឿង, Tablet ៥គ្រឿង, មួកនគរបាលជប៉ុន ២ មួក, អាវនគរបាលជប៉ុន ៥អាវ និងកាតនគរបាលជប៉ុន៤ សន្លឹក។

យោងតាមការធ្វើកោសលវិច័យលើវត្ថុតាងឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចជំនាញ បានសន្និដ្ឋានបានថា ទីតាំងខាងលើមានជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅឆបោកជនជាតិជប៉ុន, និងការឆបោកក្រោមរូបភាព លួងលោមស្នេហា និងក្រោមរូបភាពវិនិយោគ ដែលមាន គោលដៅទៅប្រទេសចិន, ឥណ្ឌា, ប៉ាគីស្ថាន, បង់ក្លាដេស និង វៀតណាម។

បច្ចុប្បន្ន ជនសង្ស័យបរទេសទាំង ២១៨ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង២៤មាត្រា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

តាម​រយៈច្បាប់​នេះ​ បទ​ល្មើស​ព្រហ្មទណ្ឌថ្មី​ចំនួន​៥​ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត គឺ៖
១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,
២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,
៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា,
៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ, និង
៥- ការ​បង្កើត​ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។

បទ​ល្មើស​ទាំង​នេះ​ បានកំណត់ដាក់ទោស​ជនល្មើស​ត្រូវប្រឈមនឹងការ​ជាប់​ពន្ធនាគារ​​ខ្ពស់​បំផុតរហូត​ដល់​១​ជីវិត​ និង​ពិន័យ​ជា​ប្រាក់រហូត​ដល់​ ១ ០០០ លានរៀល​ ថែម​ទាំងការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ជន​ល្មើស​ផងដែរ​៕