ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះ និងដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ច ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

image



ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តនេះ គឺក្រោមការដឹកនាំដ៏ប៉ិនប្រសពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចលេខ ២៤ សសរ ស្តីពីការបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីសម្រេចនោះ បានកំណត់ថា គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ មានតួនាទីភារកិច្ច ដូចតទៅ៖ ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក រៀបចំសមាជិក ដែលជាយុទ្ធជន យុទ្ធនារី បានបម្រើកងទ័ព ឆ្នាំ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលនោះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា សម្តេចតេជោ និងសម្តេចមហាបវរធិបតីបានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឲ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តស្វាយរៀង ដែលបានជួយសម្របសម្រួល ដោយការយកចិត្តទុកដាក់ខ្ពស់ចពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត។

ជាការឆ្លើយតបគណៈយុទ្ធមិត្ត ក៏បានគោរពរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលបានគិតគូរដល់សុខទុក្ខ និងការផ្តល់ជម្រកសមរម្យដល់ពួកគាត់នាពេលនេះ និងបានគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ក៏មានពិធីចាប់ឆ្នោតដើម្បីទទួលយក ផ្ទះនិងដីឡូតិ៍លំនៅដ្ឋាន សម្រាប់គ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះផងដែរ៕