លោកត្រាំ ហៅអង្គការណាតូ ថាជាខ្លាក្រដាស ដែលមានតែឈ្មោះតែគ្មានអំណាចពិតប្រាកដ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រើពាក្យធ្ងន់ៗដោយហៅអង្គការណាតូ (NATO) ថាជា «ខ្លាក្រដាស» ដែលមានតែឈ្មោះតែគ្មានអំណាចពិតប្រាកដ ដោយលោកអះអាងថា លោក ពុទីន មិនបានខ្លាចក្រុមសម្ព័ន្ធមិត្តនេះឡើយ។ លោក ត្រាំ បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះប្រទេសសម្ព័ន្ធមិត្ត ជាពិសេសអាល្លឺម៉ង់ និងអង់គ្លេស ដែលមិនព្រមផ្ដល់ជំនួយយោធា ឬសូម្បីតែទីតាំងចុះចតយន្តហោះ ក្នុងបេសកកម្មវាយប្រហារលើអ៊ីរ៉ង់ ។
ក្រៅពីរិះគន់ណាតូ ប្រធានាធិបតី ត្រាំ បានកំណត់យកថ្ងៃអង្គារនេះ ថាជាឱសានវាទសម្រាប់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញ បើមិនដូច្នោះទេ លោកនឹងបញ្ជាឱ្យបាញ់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានរោងចក្រអគ្គិសនី និងស្ពាននៅទូទាំងប្រទេសតែម្ដង ។
ទោះបីជាមានការគំរាមកំហែងវាយប្រហារក៏ដោយ ក៏មានពន្លឺនៃក្ដីសង្ឃឹមខ្លះៗតាមរយៈការលេចឡើងនៃផែនការឈប់បាញ់ចំនួនពីរផ្សេងគ្នា។ ក្នុងនោះ «កិច្ចព្រមព្រៀងក្រុងអ៊ីស្លាម៉ាបាដ (Islamabad)» ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ត្រូវគេមើលឃើញថាជាយន្តការសំខាន់មួយដែលអាចនាំទៅរកបទឈប់បាញ់ភ្លាមៗ និងការបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញ ដើម្បីសម្រួលដល់លំហូរប្រេងសកល ។
ជុំវិញស្ថានភាពសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានអូសបន្លាយដល់សប្តាហ៍ទី ៦ ហើយ ដែលបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ភាគីអ៊ីរ៉ង់ បានបាត់បង់ជីវិតមនុស្សជាង ២,០០០ នាក់ ខណៈអាម៉េរិក ទទួលស្គាល់ថាទាហានរបស់ខ្លួន បានបាត់បង់ជីវិត ១៣នាក់ និងអ៊ីស្រាអ៊ែល ប្រហែល ២៤នាក់ ក្នុងអំឡុងនៃការវាយប្រហារសងសឹកគ្នាទៅវិញទៅមកនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ AFP via Getty Images/ CNBC on Microsoft Bing/ Minty via rawpixel on Microsoft Bing