ព័ត៌មានជាតិ

កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scam) ឃាត់ខ្លួនជនសង្ស័យ ៣២នាក់ នៅក្រុងបាវិត

image

ស្វាយរៀង៖ កម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយ ឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ស្រី ០៨នាក់ (ជនជាតិចិន និងវៀតណាម) ដេីម្បីបញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការ តាមច្បាប់។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមាន ការចង្អុលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត, នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងការិយាល័យប្រឆាំងបទ ល្មើសបច្ចេកវិទ្យាខេត្ត ដោយមានការសម្របសម្រួលពីកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam)នេះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ហើយបានដកហូត វត្ថុតាងរួមមាន កុំព្យូទ័រលើតុ ១០គ្រឿង Laptop ០១គ្រឿង ទូរស័ព្ទដៃ ៦១គ្រឿង ដាវ ០២ដើម
រថយន្ត ០១គ្រឿង និងសម្ភារប្រើប្រាស់មួយ ចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ មិន ភក្តី