អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់ក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការផ្សព្វផ្សាយ និងពិនិត្យលើគោលការណ៍អនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនឆ្នាំ២០២៦
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមប្រធានបទ៖ ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ឆ្នាំ២០២៦។
កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ដែលដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរ គឺឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ "ខ" តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក-សមាជិកានៃក្រុមការងារ "ខ" និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំបន្ទាន់ក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដាក់ចេញផែនការសកម្មភាពជាក់ស្តែង និងការចាត់តាំងការអនុវត្តសាកល្បងការលើកលែងទិដ្ឋការសម្រាប់ទេសចរចិនឆ្នាំ២០២៦ រួមនឹងបញ្ហាផ្សេងៗ យោងគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ក៏ដូចជា ធានានូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត។
សូមជម្រាបថា តាមសំណើរបស់ក្រសួងទេសចរណ៍ សភាពាណិជ្ជកម្មកម្ពុជា និងនៅក្នុងក្របខ័ណ្ឌនៃក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងយោងគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានស្នើក្រសួង-ស្ថាប័នទទួលបន្ទុក និងផ្នែកឯកជន ធ្វើការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ, រៀបចំផែនការជាក់ស្តែង និងចាត់តាំងអនុវត្តសកម្មភាពការងារ ដែលស្ថិតនៅក្នុងសមត្ថកិច្ចនិងជំនាញរបស់ខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងនៃការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ទទួលបាននូវផលសេដ្ឋកិច្ច និងប្រសិទ្ធភាពខ្ពស់បំផុត។
ឯកឧត្តមរដ្ឋមន្ត្រី នឹងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិន ឆាប់ៗនេះ ដើម្បីដាក់ស្នើ និងចរចាជាមួយភាគីរដ្ឋាភិបាលចិន ឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្ដង នាពេលអនាគត។
ជាមួយគ្នានេះ, អង្គប្រជុំទាំងមូល រដ្ឋ និងឯកជន មានសេចក្តីសប្បាយរីករាយក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់គោលការណ៍អនុញ្ញាតចំពោះការអនុវត្តគម្រោងសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចក្នុងរដូវកាលបៃតង៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ, វង្ស ឧត្តម