ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងអនុវត្តគម្រោងបង្កើត និងអភិវឌ្ឍន៍សួនឌីជីថល លើផ្ទៃដីប្រមាណ ១០០ហិកតា ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល

image


ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួង កំពុងអនុវត្តគម្រោងបង្កើត និងអភិវឌ្ឍន៍សួនឌីជីថល លើផ្ទៃដីប្រមាណ ១០០ហិកតា ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលឌីជីថល។

ប្រសាសន៍របស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ជា វ៉ាន់ដេត បានលើកឡើងថា គម្រោងបង្កើត និងអភិវឌ្ឍន៍សួន គឺក្នុងគោលបំណងដើម្បីជំរុញការធ្វើបរិវត្តកម្ម សហគ្រិនភាព នវានុវត្តន៍ និងការបណ្តុះបណ្តាលជំនាញក្នុងវិស័យឌីជីថល សំដៅគាំទ្រដល់ធុរកិច្ចថ្មី ការធ្វើទំនើបកម្មការអប់រំ ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដ៏សម្បូរបែប និងការទាក់ទាញក្រុមហ៊ុនវិនិយោគ ជាពិសេស ការបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយដែលផ្សារភ្ជាប់ការអប់រំបណ្តុះ បណ្តាលជំនាញទៅនឹងឧស្សាហកម្មក្នុងវិស័យឌីជីថល។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ជាចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺប្រែក្លាយកម្ពុជា ជាបណ្តើរៗ ឱ្យទៅជាប្រទេសដែលពុំនិយមប្រើប្រាស់ក្រដាសបន្តទៀត ដោយឈរលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែល ប្រជាពលរដ្ឋមានទំនុកចិត្ត ព្រមទាំងអាចលើកតម្កើងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ៕