ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ និងដោះស្រាយបញ្ហាផ្សេងទៀត

image


ចិន-បារាំង៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) ស្ថិតនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ដែលលោកបានទទួលនូវការស្វាគមន៍ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ជាមួយនឹងពិធីដ៏មហោឡារិកនៅក្នុងរដ្ឋធានីប៉េកាំង។ ភាគីទាំងពីរ បានបើកកិច្ចពិភាក្សាដែលផ្តោតលើសង្រ្គាមនៅអ៊ុយក្រែន ស្ថិរភាពក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ ។

ទន្ទឹមនឹងនោះ លោក ម៉ាក្រុង បានដឹកនាំគណៈប្រតិភូធុរកិច្ចដ៏ធំមួយទៅជាមួយ ដោយសង្ឃឹមថានឹងពង្រឹងចំណងពាណិជ្ជកម្ម ផ្ទុយពីសហភាពអឺរ៉ុបដែលត្រៀមដាក់ចេញនូវច្បាប់ពាណិជ្ជកម្មតឹងរ៉ឹងបន្ថែមទៀត (លើប្រទេសចិន និងប្រទេសផ្សេងទៀត)។ ក្នុងនោះ ប្រទេសបារាំង បានលក់ទំនិញក្នុងតម្លៃប្រមាណ ៣៥ ពាន់លានដុល្លារអាម៉េរិកទៅប្រទេសចិនជារៀងរាល់ឆ្នាំ រួមទាំងគ្រឿងសម្អាង គ្រឿងបន្លាស់យន្តហោះ និងភេសជ្ជៈមានជាតិអាល់កុល ហើយបារាំងបានទិញផលិតផលចិនជាច្រើនក្នុងតម្លៃប្រមាណជា ៤៥ ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនជាកញ្ចប់ទំនិញមានតម្លៃធូរថ្លៃពីប្រទេសចិន ក្រោមការលើកលែងពន្ធគយរបស់សហភាពអឺរ៉ុបលើការទិញទំនិញតម្លៃក្រោម ១៥០ អឺរ៉ូ ។

លោក ម៉ាក្រុង (Macron) ក៏បានព្យាយាមបង្ហាញនូវគោលជំហរដ៏រឹងមាំរបស់អឺរ៉ុបចំពោះប្រទេសចិន ដោយខិតខំរក្សាទំនាក់ទំនងឱ្យមានស្ថេរភាព ព្រមទាំងលើកឡើងថាទីក្រុងប៉េកាំងនៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយ។ ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង លោក ម៉ាក្រុង បានជំរុញឱ្យប្រទេសចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងកាត់បន្ថយភាពមិនស្មើគ្នានៃពាណិជ្ជកម្មជាមួយអឺរ៉ុប ។

លោក ម៉ាក្រុង រួមជាមួយនឹងលោកជំទាវ ប៊្រីជីត ម៉ាក្រុង (Brigitte Macron) បានបញ្ចប់ទស្សនកិច្ចនៅទីក្រុងឆឹងទូ (Chengdu) ជាមួយនឹងសកម្មភាពវប្បធម៌ រួមទាំងការទស្សនាសត្វខ្លាឃ្មុំផេនដា និងទីតាំងបេតិកភណ្ឌក្នុងស្រុក ក៏ដូចជាសកម្មភាពជាច្រើនផ្សេងទៀត ហើយព្រឹត្តិការណ៍ទាំងអស់នេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់បារាំង ដើម្បីកសាងចំណងមិត្តភាពរួមជាមួយនឹងការពិភាក្សាផ្នែកនយោបាយ និងពាណិជ្ជកម្ម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect/ The Straits Times/ VIORY | រូបភាព-Photo៖ REUTERS via The Straits Times/ Ng Han Guan, Pool, File via AP