ព័ត៌មានអន្តរជាតិ

Update: មនុស្សស្លាប់កើនដល់ ៨៣៩នាក់ ក្រោយគ្រោះមហន្តរាយធម្មជាតិវាយប្រហារប្រទេសឥណ្ឌូណេស៊ី

image


ឥណ្ឌូណេស៊ី៖ តាមរយៈរបាយការណ៍ចុងក្រោយ បង្ហាញថា គ្រោះមហន្តរាយធម្មជាតិ ដូចជា ទឹកជំនន់ និងការរអិលបាក់ដីបានសម្លាប់មនុស្ស ៨៣៦នាក់នៅខេត្តស៊ូម៉ាត្រាខាងលិច, ស៊ូម៉ាត្រាខាងជើង និងខេត្តអាឆេ (Aceh)។ ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យកម្រិតទឹកទន្លេនានាហូរហៀរបាក់ច្រាំង បង្កជាការជន់លិច និងរអិលបាក់ដីដែលបានបំផ្លិចបំផ្លាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ។

ជុំវិញស្ថានការណ៍ដ៏មហន្តរាយនេះ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត បានប្រើប្រាស់ទូកដើម្បីនាំយកអាហារ និងសម្ភារៈចាំបាច់ផ្សេងទៀតទៅកាន់ភូមិម៉ាឡាឡូ (Malalo) ដែលជាភូមិដាច់ស្រយាលមួយស្ថិតតនៅលើកោះស៊ូម៉ាត្រា។ ខ្សែវីដេអូពីដ្រូន បានបង្ហាញពីតំបន់រងផលប៉ះពាល់ពោរពេញទៅដោយភក់ និងផ្ទះសម្បែងជាច្រើនរងនូវការខូចខាត ខណៈក្រុមសង្គ្រោះធ្វើដំណើរតាមផ្លូវទឹកដើម្បីទៅដល់សហគមន៍ខាងលើនេះ ។

នៅឯភូមិនោះ អ្នកស្ម័គ្រចិត្ត និងអាជ្ញាធរបានផ្តល់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយផ្ទាល់។ អ្នកស្ម័គ្រចិត្តម្នាក់ឈ្មោះ អ៊ីសាន (Ihsan) បានរៀបរាប់ថា ទូកគឺជាមធ្យោបាយលឿនបំផុត ពីព្រោះផ្លូវត្រូវរាំងស្ទះ ឬខូចខាតខ្លាំងពេក ហើយការធ្វើដំណើរតាមផ្លូវគោកនឹងចំណាយពេលមិនឆាប់រហ័សឡើយ ។

គួររម្លឹកថា គ្រោះមហន្តរាយនេះ ស្ថិតនៅក្នុងចំណោមគ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏សាហាវនៅក្នុងតំបន់ ហើយមនុស្សសរុបជាង ១,៥០០ នាក់បានបាត់បង់អាយុជីវិតនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ស្រីលង្កា និងថៃឡង់ដ៍ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Willy Kurniawan via REUTERS on CNA/ INDONESIA-TORMENTAS/ Basarnas/ VIORY